– –
វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលវត្ថុ ជាង ៤០០ ប័ណ្ណត្រូវបានធ្វើពិធីប្រគល់ជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ ចំនួន០១ ភូមិ ស្ថិតនៅភូមិកោះរំដួល សង្កាត់រការខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្ដាល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល។
ការចែកវិញ្ញាបនបត្រជូនប្រជាពលរដ្ឋនៅពេលនេះ ជាការឆ្លុះបញ្ចាំងឲ្យឃើញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការធានានូវកម្មសិទ្ធិដីធ្លីស្របច្បាប់របស់ប្រជាពលរដ្ឋ សំដៅការលើកកម្ពស់កម្រិត ជីវភាពរស់នៅ សុខមាលភាពប្រជាពលរដ្ឋ និងការកាត់បន្ថយភាពក្រីក្រ ព្រមទាំងការរួមចំណែកដល់ការពង្រឹងយុត្តិធម៌ និងស្ថេរភាពសង្គម។
ការធានានូវសិទ្ធិសេរីភាព ស្ថេរភាពនយោបាយ សន្តិសុខសណ្ដាប់ធ្នាប់សាធារណ:សង្គម ជាតម្លៃដ៏វិសេសវិសាលនៃសន្តិភាព ប្រកបដោយភាពសត្យានុម័ត ដែលជាតម្រូវការដ៏សំខាន់របស់បងប្អូនប្រជាពលរដ្ឋ៕