នៅព្រឹកថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ ២០២២ នៅមន្ទីរស្នាក់ការអង្គការសហប្រជាជាតិ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម José Ramos Horta ធានាធិបតីនៃសាធារណៈរដ្ឋទីម័ខាងកើត។
នៅក្នុងជំនួបនេះ សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា សម្ដេចពិតជារីករាយ ដែលបានជួបឯកឧត្តមប្រធានាធិបតីនាពេលនេះ។ ក្នុងជំនួបនេះ សម្តេចតេជោ និងឯកឧត្តមប្រធានាធិបតីទីម័រខាងកើត បានបង្ហាញនូវក្តីរីករាយបានជួបគ្នាជាថ្មី។ សម្តេចតេជោ ហ៊ុន សែន ក៏បានឆ្លៀតសម្តែងការអបអរសាទរចំពោះជោគជ័យលើការបោះឆ្នោតរបស់ឯកឧត្តម រ៉ាម៉ូស ហ័រតា ផងដែរ។
បន្ទាប់ពីការស្វាគមន៍ប្រកបដោយភាពស្និទ្ធស្នាលហើយនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានលើកឡើងពាក់ព័ន្ធការស្នើសុំចូលជាសមាជិកអាស៊ានរបស់ប្រទេសទីម័រ។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ក្នុងរយៈពេលប្រមាណ១០ឆ្នាំមកនេះ ពោលចាប់តាំងពីកម្ពុជាធ្វើប្រធានអាស៊ាននៅឆ្នាំ២០១២ សម្តេចបានខិតខំប្រឹងប្រែងជំរុញឱ្យប្រទេសទីម័រក្លាយជាសមាជិកអាស៊ាន។ មកដល់ពេលនេះ សម្តេចតេជោ សង្ឃឹមថា នឹងមានការគាំទ្រប្រទេសទីម័រខាងកើតចូលជាសមាជិកអាស៊ាន ដែលអាចប្រកាសនៅចុងឆ្នាំ២០២២នេះ ហើយនឹងចូលជាសមាជិកពេញសិទ្ធិនៅឆ្នាំ២០២៣។
ពាក់ព័ន្ធនឹងដំណឹងនេះផងដែរបានធ្វើឲ្យឯកឧត្តមប្រធានាធិបតីប្រទេសទីម័រខាងកើត និងគណៈប្រតិភូ សម្តែងនូវក្តីរំភើបយ៉ាងខ្លាំង ហើយសូមថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន យ៉ាងជ្រាលជ្រៅចំពោះកិច្ចខិតខំប្រឹងប្រែងសម្របសម្រួលឱ្យប្រទេសទីម័រខាងកើតក្លាយជាសមាជិកអាស៊ាននាពេលខាងមុខ។ ឯកឧត្តម រ៉ាម៉ូស ហ័រតា បានលើកឡើងថា សម្តេចតេជោ ហ៊ុន សែន ប្រៀបដូចជាម្ចាស់របស់ប្រទេសទីម័រខាងកើតផងដែរ។
ក្រៅពីបញ្ហាខាងលើនេះ សម្តេចតេជោ ហ៊ុន សែន និងឯកឧត្តម រ៉ាម៉ូស ហ័រតា ក៏បានជជែកពីការពង្រឹងពង្រីកលើការធ្វើពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរផងដែរ។ឯកឧត្តមប្រធានាធិបតីទីម័រខាងកើត បានបង្ហាញក្តីរំពឹងថា ទំនាក់ទំនង និងការធ្វើពាណិជ្ជកម្មរវាងប្រទេសទីម័រខាងកើត និងកម្ពុជា នឹងកាន់តែល្អប្រសើរថែមទៀតពេលខាងមុខ។ ឯកឧត្តមប្រធានាធិបតី បានគូសបញ្ជាក់ផងដែរថា ឯកឧត្តមនឹងពិនិត្យលើការនាំចូលទំនិញពីកម្ពុជា ឱ្យកាន់តែច្រើនបន្ថែមទៀត។
ឯកឧត្តមប្រធានាធិបតី បានបង្ហាញក្តីសង្ឃឹមដែរថា ក្នុងពេលបំពេញទស្សនកិច្ចនៅកម្ពុជា នៅសប្តាហ៍ទី៣នៃខែតុលាខាងមុខ ឯកឧត្តមនឹងខិតខំជំរុញការធ្វើពាណិជ្ជកម្ម កសិកម្ម និងវិស័យផ្សេងៗទៀតឱ្យកាន់តែល្អប្រសើរ។
ជាការឆ្លើយតប សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ទំនាក់ទំនងទ្វេភាគីកម្ពុជា-ទីម័រខាងកើត កាន់តែមានភាពរីកចម្រើន ដោយសារតែការជឿជាក់លើគ្នាទៅវិញទៅមក។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរនៅមានកម្រិត តែកម្ពុជា និងទីម័រ នៅតែមានសង្ឃឹមក្នុងការពង្រីក។
ពាក់ព័ន្ធការធ្វើពាណិជ្ជកម្មនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានលើកឡើងផងដែរពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលកម្ពុជាកំពុងធ្វើជាមួយចិន និងកូរ៉េខាងត្បូង។ ក្នុងន័យនេះ សម្តេចតេជោចង់ឱ្យកម្ពុជា និងទីម័រខាងកើត ពិនិត្យលទ្ធភាពធ្វើពាណិជ្ជកម្មសេរីជាមួយគ្នា ដើម្បីពង្រីកការធ្វើពាណិជ្ជកម្ម និងវិនិយោគបន្ថែមទៀត។
ក្នុងជំនួបនេះ សម្តេចតេជោ ហ៊ុន សែន និងឯកឧត្តម រ៉ាម៉ូស ហ័រតា បានជជែកពីការបើកជើងហោះហើរត្រង់រវាងប្រទេសទាំងពីរផងដែរ ដើម្បីបង្កភាពងាយស្រួលដល់ការធ្វើទំនាក់ទំនង ពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរឲ្យកាន់តែមានភាពល្អប្រសើរនាពេលខាងមុខ៕