ប្រភពពីមន្រ្តីអាជ្ញាធរមូលដ្ឋានក្នុងឃុំរមទម ស្រុករវៀង បានឲ្យដឹងថា ប្រសិនបើគ្មានការបើកដៃពីសំណាក់ប្រធានការិយាល័យរ៉ែ និងថាមពល ស្រុករវៀង ក៏ដូចជាពីសំណាក់លោក យូ ចិន្ដាយុទ្ធ ប្រធានមន្ទីររ៉ែ និងថាមពលខេត្តព្រះវិហារ ទេនោះគឺឈ្មួញមិនអាចធ្វើអាជីវកម្មរ៉ែមាសនៅតំបន់ភ្នំលុង បានទេ។ ទាល់តែមានការឃុបឃិតជាប្រព័ន្ធទើបឈ្មួញឈ្មោះ ឆយ, ឈ្មួញឈ្មោះ ធា និងឈ្មួញឈ្មោះ វុធ អាចធ្វើអាជីវកម្មរ៉ែមាសខុសច្បាប់នៅតំបន់ភ្នំលុង ភូមិរំដេង ឃុំរមទម យ៉ាងគឃ្លើន។ ប្រភពខ្លះបានបង្ហើបឲ្យដឹងថា អាជីវកម្មរ៉ែមាសខុសច្បាប់ជាច្រើនកន្លែងក្នុងស្រុករវៀង គឺជាប្រភពចំណូលរបស់លោក យូ ចិន្ដាយុទ្ធ ប្រធានមន្ទីររ៉ែ និងថាមពលខេត្តព្រះវិហារ ទើបអ្វីៗប្រព្រឹត្តទៅដោយរលូន។
តាមសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋនៅភូមិរំដេង ឃុំរមទម ស្រុករវៀង ខេត្តព្រះវិហារ បានឲ្យដឹងថា ក្នុងមូលដ្ឋានពួកគាត់មានឈ្មួញ3នាក់ធ្វើអាជីវកម្មរ៉ែមាស នៅចំណុចភ្នំលុង យ៉ាងរលូនដោយគ្មានមន្រ្តីជំនាញ ឬសមត្ថកិច្ចពាក់ព័ន្ធណាចាត់វិធានការទប់ស្កាត់ឡើយ។ ប្រភពបានឲ្យដឹងទៀតថាឈ្មួញទាំង3នាក់នោះមានឈ្មោះ ឆយ,ឈ្មោះ ធា និងឈ្មោះ វុធ ហើយពួកគេកំពុងជីកកកាយធ្វើអាជីវកម្មរ៉ែមាសខុសច្បាប់ក្នុងចម្ការដំឡូងតំបន់ភ្នំលុង ភូមិរំដេង ឃុំរមទម តាមអំពើចិត្តគ្មានញញើតអ្វីទាំងអស់។ ជុំវិញបញ្ហានេះប្រជាពលរដ្ឋសង្ស័យថា មានការឃុបឃិតបើកដៃពីសំណាក់មន្រ្តីជំនាញពាក់ព័ន្ធ និងមន្រ្តីអាជ្ញាធរថ្នាក់ឃុំថ្នាក់ស្រុក ទើបឈ្មួញទាំង3នាក់នោះអាចធ្វើអាជីវកម្មរ៉ែមាស យ៉ាងពេញបន្ទុកដោយមិនប្រឈមនឹងការបង្ក្រាបនៅឡើយ។
ប្រជាពលរដ្ឋបានអំពាវនាវឲ្យលោកគីម រិទ្ធី អភិបាលខេត្តព្រះវិហារ ក៏ដូចជាលោក ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល ចាត់វិធានការបង្ក្រាបអាជីវកម្មរ៉ែមាសខុសច្បាប់នៅតំបន់ភ្នំលុង ឃុំរមទម ស្រុករវៀង ជាបន្ទាន់។ ដោយហេតុថាឥឡូវនេះឈ្មួញ៣នាក់ កំពុងធ្វើអាជីវកម្មរ៉ែមាសខុសច្បាប់នៅតំបន់ភ្នំលុង យ៉ាងពេញបន្ទុក ហើយប្រធានការិយាល័យរ៉ែ និងថាមពលខេត្តព្រះវិហារស្រុករវៀង ព្រមទាំងលោក យូ ចិន្ដាយុទ្ធ ប្រធានមន្ទីររ៉ែ និងថាមពលព្រះវិហារ បែរជាសម្ងំស្ងាត់ឈឹង។ ដូច្នេះលោក អភិបាលខេត្តព្រះវិហារ ក៏ដូចជាលោក ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល មិនគួរទុកឲ្យអាជីវកម្មរ៉ែមាសខុសច្បាប់កាន់តែខ្លាំងក្លា។បឋម