ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន អញ្ជើញប្តូរព័ត៌មានថ្ងៃខែឆ្នាំកំណើត ក្នុងបញ្ជីឈ្មោះបោះឆ្នោត

 

នៅព្រឹក ថ្ងៃព្រហស្បតិ៍​ ១០រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញប្តូរព័ត៌មានថ្ងៃខែឆ្នាំកំណើតក្នុងបញ្ជីឈ្មោះបោះឆ្នោត ទៅសាលាសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល ដោយប្តូរពីថ្ងៃទី០៤ ខែមេសា ឆ្នាំ១៩៥១ ទៅថ្ងៃទី០៥ ខែសីហា ឆ្នាំ១៩៥២ វិញ។

កន្លងទៅនេះ សម្តេចតេជោ ហ៊ុន សែន បានយកថ្ងៃទី០៤ ខែមេសា ឆ្នាំ១៩៥១ ប្រើប្រាស់ជាថ្ងៃខែឆ្នាំកំណើតក្នុងឯកសារផ្សេងៗចាប់តាំងពីក្រោយថ្ងៃរំដោះប្រទេសចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។ ថ្ងៃទី៤ ខែមេសា ជាថ្ងៃដែលសម្តេចចូលព្រៃតស៊ូវាយផ្តួលរបបសាធារណរដ្ឋខ្មែរ តាមការអំពាវនាវរបស់សម្តេច នរោត្តម សីហនុ។ ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន បានស្នើទៅតុលាការ ដើម្បីផ្លាស់ប្តូរថ្ងៃខែឆ្នាំកំណត់ មកថ្ងៃខែឆ្នាំកំណើតពិតវិញ គឺថ្ងៃទី០៥ ខែសីហា ឆ្នាំ១៩៥២។

បន្ទាប់ពីអញ្ជើញប្ដូរថ្ងៃ ខែ ឆ្នាំកំណើត ទៅតាមនីតិវិធីបែបរដ្ឋបាលរួចមក សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានអញ្ជើញថ្លែងសារ ក៏ដូចជាឆ្លើយតបទៅកាន់បងប្អូនអ្នកសារព័ត៌មាននៅក្នុងខ្លឹមសារសំខាន់ៗដូចខាងក្រោម៖ សម្តេចតេជោ ហ៊ុន សែន បានយកឱកាសនេះ អំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ ជាពិសេសយុវជនដែលគ្រប់អាយុត្រូវបោះឆ្នោត សូមអញ្ជើញមកចុះឈ្មោះបោះឆ្នោត ចាប់ពីថ្ងៃទី ២០ ខែតុលា ឆ្នាំ២០២២ នេះ តទៅ រហូតដល់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ ដែលមានរយៈពេល៥០ថ្ងៃ។ សម្តេចតេជោ ក៏បានឲ្យអាជ្ញាធរពាក់ព័ន្ធបង្កលក្ខណៈងាយស្រួល ឱ្យបងប្អូនប្រជាពលរដ្ឋបានមកចុះឈ្មោះបោះឆ្នោត ដើម្បីមានឈ្មោះក្នុងបញ្ជីបោះឆ្នោតនាឆ្នាំ២០២៣ខាងមុខ។

ឆ្លើយតបជាមួយអ្នកសារព័ត៌មាន ទាក់ទងទៅនឹងក្រុមប្រឆាំងជ្រុលនិយម សម្ដេចតេជោបានមានប្រសាសន៍ចោទជាសំណួរថា តើអាចក្លាយជាអ្នកដឹកនាំប្រទេសយ៉ាងម៉េចទៅ? បើមិនទាន់កាន់អំណាចផង ខ្លួនហ៊ានចុះកិច្ចព្រមព្រៀងប្រគល់ឱ្យបរទេសនូវដែនដីកម្ពុជានោះ ? សម្តេចតេជោជំរុញឱ្យពលរដ្ឋត្រូវមើលឱ្យឃើញអំពីសារជាតិក្បត់ជាតិ របស់ទណ្ឌិត សម រង្ស៉ី។ សម្តេចតេជោ មានប្រសាសន៍ថា កុំថាឡើយអ្នកឯងមិនកាន់អំណាច សូម្បីតែសម្តេចកាន់អំណាច បើហ៊ានចុះហត្ថលេខាឱ្យទឹកដីទៅប្រទេសណាមួយ សម្តេចក៏នឹងជាប់ទោសធ្ងន់ធ្ងរដូចគ្នា។ ដូច្នេះ សម្តេចតេជោចាត់ទុកថា សាលក្រមកាត់ទោស បុគ្គលសម រង្ស៉ី មួយជីវិត គឺត្រឹមត្រូវបំផុត។ នៅថ្ងៃនេះ សម្តេចតេជោបានមានប្រសាសន៍បញ្ជាក់ច្បាស់ៗថា រឿងទណ្ឌិត សម រង្ស៊ី សម្តេចមិនត្រឹមតែមិនលើកលែងឱ្យនោះទេ ថែមទាំងដាក់ចេញចលនាកម្ចាត់ចោលនូវនយោបាយជ្រុលនិយមទៀតផង។

នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណដល់ធនាគារជាតិ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលបានផ្តល់ការអនុគ្រោះដល់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយទឹកជំនន់។
ទាក់ទងទៅនឹងសកម្មភាពសម្ដេចតេជោដែលនឹងអញ្ជើញធ្វើដំណើរទៅកាន់បណ្ដាខេត្តនានាជាប់បឹងទន្លេសាបនៅថ្ងៃស្អែកនេះ សម្តេចតេជោមិនខ្វល់អំពីការរិះគន់ពីក្រុមប្រឆាំងមួយចំនួនដែលថាសម្ដេចយកឱកាសឃោសនារកសំឡេងឆ្នោតនោះទេ ពីព្រោះការដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ ជាការងាររបស់នាយករដ្ឋមន្ត្រី។ សម្ដេចតេជោ ត្រូវតែទៅជួបបងប្អូនប្រជាពលរដ្ឋ ដើម្បីដោះស្រាយនូវការលំបាក និងបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋដែលកំពុងរងគ្រោះដោយគ្រោះទឹកជំនន់និងការដោះស្រាយបញ្ហាប្រឈមផ្សេងៗមួយចំនួនទៀត។ សម្ដេចតេជោបានមានប្រសាសន៍ថា ក្នុងនាមជានាយករដ្ឋមន្ត្រីសម្ដេចមិនសម្ងំនៅផ្ទះនោះទេ ខណៈដែលប្រជាពលរដ្ឋរបស់សម្ដេចកំពុងជួបការលំបាកនោះ ដែលទាំងអស់នេះ គឺជាចរិតរបស់នាយករដ្ឋមន្ត្រីកម្ពុជា ដែលតែងតែផ្សារភ្ជាប់ ដឹងសុខទុក្ខប្រជាពលរដ្ឋគ្រប់ពេលវេលា និងគ្រប់ទីកន្លែងតាំងពីដើមរៀងមក៕

rsp

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *