ព័ត៌មានបច្ចេកវិទ្យា

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បើក​ការប្រកួត​បាល់ទាត់​ពាន​រង្វាន់​មិត្តភាព​សមាគម​យុវ​និស្សិត​ខេត្តបន្ទាយមានជ័យ ប្រចាំ​រាជធានី​ភ្នំពេញ​ ចេញផ្សាយ ថ្ងៃទី 27/07/2024

នៅ​ព្រឹក ថ្ងៃទី​២៥ ខែកក្កដា ឆ្នាំ​២០២៤ នៅ​បរិវេណ​វិទ្យាល័យ​បាក់​ទូក មាន​ប្រារព្ធ​ពិធី​បើក​ការប្រកួត​បាល់ទាត់​ពាន​រង្វាន់​មិត្តភាព​សមាគម​យុវ​និស្សិត​ខេត្តបន្ទាយមានជ័យ ប្រចាំ​រាជធានី​ភ្នំពេញ ក្រោម​អធិបតីភាព លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដោយ​មាន​ការចូលរួម​ពី ឯកឧត្តម លោកជំទាវ លោក លោកស្រី លោកនាយក លោក​នាយករង សិស្សានុសិស្ស​សាលា​បាក់​ទូក និង​មាន​វត្តមាន ឯកឧត្តម លោកជំទាវ លោក លោកស្រី អតីត​សិស្ស​ទស្សវត្ស​ទី​៨០ និង ព្រឹទ្ធាចារ្យ​អតីត​គ្រូបង្រៀន​សាលា​បាក់​ទូក គណ​:​កម្ម​ការរៀបចំ​ការប្រកួត ក្រុម​កីឡាករ​ទាំងអស់ ចូលរួម​យ៉ាងច្រើន​កុះករ​។​

​សម្រាប់​ក្រុម​កីឡាករ​ដែល​ចូលរួម​ប្រកួត​ក្នុងថ្ងៃនេះ មាន​ចំនួន​០៩​ក្រុម តំណាង​យុវ​និស្សិត​ខេត្ត​បន្ទាយមានជ័យ​ម​ករៀន​នៅ​ភ្នំពេញ ទាំង​០៩​ក្រុង​ស្រុក បែងចែក​ជា​២​ពូ​ល ប្រកួត​ឆ្លាស់គ្នា រាល់​ថ្ងៃ​សៅរ៍ និង​អាទិត្យ ដោយ​ចាប់ផ្តើម​ពី​ថ្ងៃ​បើក​ការប្រកួត​នេះ រហូត​ដល់​ថ្ងៃ​បិទ​បញ្ចប់​។

​ការរៀបចំ​ព្រឹត្តិការណ៍​នាពេលនេះ គឺជា​លើក​ទី​៥​ហើយ ក្រោម​គំនិត​ផ្តួចផ្តើម​ដ៏​ខ្ពង់ខ្ពស់​របស់ ឯកឧត្តម កែ គឹមយ៉ាន អ្នកតំណាងរាស្ត្រ​ខេត្ត​បន្ទាយមានជ័យ ជា​ឧត្តមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ និង​ជា​ប្រធាន​ក្រុមការងារ​ចុះ​ជួយ​ខេត្ត​បន្ទាយមានជ័យ ក៏​ដូចជា​មាន​ការចូល​រួម​គាំទ្រ​ពី​សំណាក់ លោកនាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថ លើ​ផ្ទៃ​ប្រទេស និង​ជា​ប្រធាន​សហព័ន្ធ​បាល់ទាត់​កម្ពុជា និង​ឧបត្ថម្ភ​ការប្រកួត​ទាំងស្រុង​ដោយ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង​។​

​ក្នុងឱកាស​នោះ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាន​មានប្រសាសន៍​លើកឡើង​ពី​ចំណាប់អារម្មណ៍ ០២​ចំណុច នោះ​គឺ​៖ ទី​១- បាន​ស្ងើចសរសើរ​អំពី​ការ​បំលែងខ្លួន ពី​តំណាង​យុវ​និស្សិត​ខេត្តបន្ទាយមានជ័យ ប្រចាំ​រាជធានី​ភ្នំពេញ មក​ជា​សមាគម​យុវ​និស្សិត​ខេត្តបន្ទាយមានជ័យ ដែល​ចំណុច​នេះ បង្ហាញ​ពី​ស្មារតី យកចិត្តទុកដាក់​យ៉ាង​មុតមាំ​ក្នុង​ការបង្រួបបង្រួម​នូវ ចំណងមិត្តភាព មនោសញ្ចេតនា ជួយ​យក​អាសារ​គ្នា រវាង​អ្នក​ដែល រៀន​នៅ​សាលា​ផ្សេងគ្នា ស្រុក​ផ្សេងគ្នា បាន​មក​ស្គាល់ រាប់អាន​គ្នា​ប្រៀបដូចជា បងប្អូន​សាច់ញាតិ ក្នុង​គ្រួសារ​តែមួយ​។ ទី​២- បាន​ភ្ញាក់ផ្អើល នៅពេល​បាន​ឃើញ​តួលេខ​យុវ​និស្សិត​ខេត្តបន្ទាយមានជ័យ មាន​វត្តមាន​នៅ រាជធានី​ភ្នំពេញ មាន​ចំនួន​រហូត​ដល់ ៣.៧៩២​នាក់ ក្នុងនោះ​២,៥៦៧​នាក់ កំពុង​នៅ​បន្ត​ការសិក្សា និង ១,២២៥​នាក់ បានបញ្ចប់ ការសិក្សា​កំពុងធ្វើការ​នៅ​រាជធានី​ភ្នំពេញ ដែល​ចំនួន​នេះ​ពិតជា ច្រើនណាស់ ទៅ​ហើយ​សម្រាប់​អ្នក​បន្ទាយមានជ័យ ដែល​អាច​មាន​លទ្ធភាព​បន្ត​ការសិក្សា​ថ្នាក់​ឧត្តមនៅ​រាជធានី ខណៈ​ដែល​នៅ​ខេត្ត​ក៏​មាន​សកល​វិទ្យាល័យ​ច្រើន​ផង​ដែរ​។​

​លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាន​បន្ថែមទៀតថា ឱកាស​នៃ​ការបង្កើត​សមាគម ឱកាស​នៃ​ការរៀនសូត្រ ក៏​ដូច​ជា​ឱកាស​ដ៏ទៃទៀត ទូទាំង​ប្រទេស អាច​កើតមាន​ទៅបាន ដូច​សព្វថ្ងៃ​ក៏​ដោយសារ​ប្រទេស​យើង​មាន​សន្តិភាព ហើយ​យើង​គ្រប់​គ្នា​សុទ្ធតែ​ដឹងថា សន្តិភាព​នេះ កើតមានឡើង​ដោយ​ផ្តើមចេញ ពី​វីរភាព របស់ សម្តេច​អគ្គមហាសេនាបតី តេ​ជោ ហ៊ុន សែន អតីត​នាយករដ្ឋមន្ត្រី ជា​ប្រធាន ព្រឹទ្ធសភា និង​ជា ប្រធាន​ឧត្តម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ នាពេល​បច្ចុប្បន្ន ដែល​សម្តេច ហ៊ាន​យក​ជីវិត​ធ្វើ​ដើមទុន ស្វែងរក​ការសង្គ្រោះ​ជាតិ រហូត​អាច​ជួយ ប្រជាជន​កម្ពុជា ឲ្យ​រួច​ជីវិត​ផុតពី របប​ខ្មៅ​ងងឹត ប៉ុល ពត ក្នុង​ថ្ងៃ​៧​មករា ១៩៧៩ និង​បាន​ដាក់ចេញ នូវ​នយោបាយ ឈ្នះ ឈ្នះ បញ្ចប់​អង្គការ​ចាត់តាំង​នយោបាយ​និង​យោធា​ខ្មែរក្រហម​ទាំងស្រុង នាំមក​នូវ សន្តិភាព និង​ការ ឯកភាព​ជាតិ​ពេញលេញ ជាពិសេស​ក្នុង​កាលៈទេសៈ​ប្រឈម​ជា​មួយ សភាពការណ៍​រាតត្បាត នៃ​ជំងឺ​កូវី​ដ​-១៩ សម្តេច​តេជោ​បានដាក់ចេ​ញ នូវ​វិធានការ អន្តរាគមន៍​ជា​ច្រើន និង​មាន​ប្រសិទ្ធិភាព ក្នុង​ការប្រឆាំង កូវី​ដ​- ១៩ បាន​ស្តារ​នូវ​ស្ថានភាព​កម្ពុជា ឲ្យ​វិល​មក​រក ភាពប្រក្រតី​យ៉ាង​ឆាប់រហ័ស ជួយសង្គ្រោះ អាយុជីវិត​ប្រជាជន​កម្ពុជា ទូទាំង​ប្រទេស​ជា​លើក​ទី​២ បន្ទាប់​ពី​ថ្ងៃ ៧​មករា ១៩៧៩​។ ដូច្នេះ​យើង​គ្រប់​គ្នា​ត្រូវ​ចងចាំ​ជានិច្ច នូវ​វីរភាព​របស់​សម្តេច តេ​ជោ ហ៊ុន សែន និង​ត្រូវ​ចូលរួម ការពារ​ឲ្យបាន ដាច់ខាត នូវ​សន្តិភាព​ដែល​ទទួលបាន​មក​ដោយ​លំបាក មួយ​នេះ ហើយ​យើង​ក៏ត្រូវ គាំទ្រ​ពេញទំហឹង ចំពោះ​រាជរដ្ឋាភិបាល​ដឹកនាំ​ដោយ​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បាន​បន្ត​អនុវត្ត នូវ​គោលនយោបាយ រាជរដ្ឋាភិបាល សម្តេច​តេជោ រក្សាបាន​នូវ​សន្តិភាព និង​ការអភិវឌ្ឍន៍​កាន់តែ​រីកចម្រើន​៕

rsp

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *