ភ្នំពេញ÷ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយ ដែលបង្កឡើងដោយខ្លួនឯង ព្រោះតែបុរសជាប្តី បើកបររថយន្តក្នុងស្ថានភាពងងុយដេក ស្រាប់តែងោកមួយភាំង បើករថយន្តធ្លាក់ចូលប្រឡាយទឹក គៀបប្រពន្ធជាប់នៅក្នុងរថយន្តរយៈពេលជិត២ម៉ោង បណ្តាលឲ្យស្រ្តីជាប្រពន្ធ ឈ្ល-ក់-ទឹកស្ល-ា-ប់-ក្នុងរថយន្តបាត់ទៅហើយ ទម្រាំមានបងប្អូនប្រជាពលរដ្ឋនាំគ្នាមកជួយទាញរថយន្តឡើងមកលើគោក រីឯបុរសជាប្តីបានរួចជីវិត។
ឧបទ្ទវហេតុដ៏គួរឲ្យសោកសង្រេងនេះកើតឡើងនៅវេលាម៉ោង ០១:២៥នាទីយប់រំលងអាធ្រាត ឈានចូលព្រឹក ថ្ងៃសៅរ៍ ទី០២ ខែកក្កដា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្ដោយផ្លូវបុរីអង្គរ ក្នុងសង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
តាមការរៀបរាប់របស់បុរសជាប្តី ដែលបានរួចជីវិត ក្នុងគ្រោះថ្នាក់អកុសលនេះបានឲ្យដឹងថា មូលហេតុនៃការបើករថយន្តធ្លាក់ប្រឡាយទឹកនេះ គឺបណ្តាលមកពីគាត់ងងុយដេក ហើយក៏ងោកមួយភាំង ស្រាប់តែដឹងខ្លួនឡើងគឺរថយន្តរបស់គាត់បានធ្លាក់ចូលប្រឡាយទឹកបាត់ទៅហើយ អ្វីដែលគួរឲ្យតក់ស្លុតបំផុតនោះគឺ ខ្លួនគាត់ផ្ទាល់មិនអាចជួយប្រពន្ធគាត់បានទាន់ពេលវេលា។
នេះគឺជាមេរៀនមួយ ក៏ដូចជាសារដាស់តឿនដល់បងប្អូនដែលជាអ្នកបើកបររថយន្តនៅលើដងផ្លូវទាំងឡាយ ប្រសិនបើកំពុងតែបើកបរ មានស្ថានភាពងងុយដេកហើយ គួរណារកកន្លែងចតដើម្បីសម្រាកសិន ឬក៏ឈប់រថយន្តដើម្បីលុបមុខឲ្យស្រឡះ សឹមបន្តដំណើរទៅមុខបន្តទៀត ជៀសវាងការកើតមាននូវគ្រោះថ្នាក់ជាយថាហេតុផ្សេងៗដូចករណីខាងលើ៕