ខេត្តព្រះវិហារ៖ មានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋបានឲ្យដឹង
មានឡានយីឌុប ៥ ផ្លូវ ពាក់ស្លាកលេខ: ក្រចេះ៣A.០៣៤០ បានដឹកឈើពេញចេញពីខេត្តព្រះវិហារចូលដេប៉ូនៅភូមិតាឡែកជិតស្នាក់ការបរិស្ថានខេត្តកំពង់ធំ។
ក្រៅពីសេចក្តីរាយការណ៍ តាមបណ្តាញផ្សាយព័ព័ត៌មា របស់សង្គមស៊ីវិល ក៏ដូចជាសក្ខីកម្មរបស់ប្រជាសហគមន៍ដែរ ដែលបង្ហាញថាព្រៃឈើក្នុងតំបន់ព្រៃឡង់ និងព្រៃព្រះរការក្នុងខេត្តព្រះវិហារនៅតែរងការបំផ្លិចបំផ្លាញជារៀងរាល់ថ្ងៃ ។ តើហេតុអ្វីបានជាឈ្មួញឈើឈ្មោះ សាក់ សិច និងឈ្មោះ គឹម ឡាយ នៅក្នុងទឹកដីខេត្តព្រះវិហារមានឥទ្ធិពលខ្លាំង ជាងបទបញ្ជារបស់សម្ដេច តេ ជោ ហ៊ុន សែននាយករដ្ឋមន្ត្រីយ៉ាងដូច្នេះទៅវិញ…?
ឈើប្រណីតៗ ដែលប្រភពអះអាងថាត្រូវបានឈ្មោះ គឹម ឡាយ ដឹកនាំមេការសំខាន់ៗមួយក្រុមរួមមាន
១.ឈ្មោះមីន
២.ឈ្មោះណឹត
៣.ឈ្មោះវុធ
៤.ចែណាង
៥.យាយខេង
៦.ឈ្មោះថី
៧.តា រីន
កាប់ឈើក្នុងព្រៃព្រះរការដោយខុសច្បាប់ ហើយដឹកចេញតាមរទេះគោ រទេះក្របី មកដាក់នៅចំណុចម្លូព្រៃ ឬពោធិ៍ប្រមេរ ។ល។
មេឈ្មួញកណ្ដាលម្នាក់ទៀតឈ្មោះ សាក់ សិច ដឹកនាំមេការសំខាន់ៗមួយក្រុមទៀតរួមមាន
១.ឈ្មោះឆើត
២. ឈ្មោះប្រុស
៣.ឈ្មោះបុប្ផា
៤.ឈ្មោះទូ
ជាដើម ចូលកាប់ឈើក្នុងស្រុកជ័យសែនតំបន់ព្រៃឡង់ ហើយដឹកចេញមកចំណុចស្រែវាលមកស្តុបទុកនៅក្រាំងដូងក្នុងស្រុកត្បែងមានជ័យខេត្តព្រះវិហារ រួចដឹកបន្តមកចែកចាយនៅដេប៉ូ អ្នកស្រី ជិន អូន ក្នុងភូមិតាឡែកជិតស្នាក់ការបរិស្ថានក្នុងទឹកដីខេត្តកំពង់ធំ ឈើទាំងពីរក្រុមខាងលើនេះ ត្រូវបានឈ្មួញដឹកជញ្ជូនស្ទើរតែរៀងរាល់ថ្ងៃ និងតាមគ្រប់មធ្យោបាយទៅលក់ឲ្យដេប៉ូផ្សេងៗនិងខេត្តនានា។ ការដឹកលួចលាក់ដោយប្រើប្រាស់គ្រប់មធ្យោបាយ ដើម្បីបាំងភ្នែកសមត្ថកិច្ច គឺជារឿងមួយ ប៉ុន្តែ ការដឹកជាចំហដោយមានការរៀបចំជាបណ្តាញគឺជារឿងមួយទៀត ។
ជារឿយៗ គេឃើញសមត្ថកិច្ចចាប់បានឈើដែលដឹកបន្លំតាមរថយន្តទំនើបៗ ឬរថយន្តក្រុងជាដើម។
ប៉ុន្តែ ឈើដែលសមត្ថកិច្ចចាប់បានជាប្រភេទឈើ ដែលដឹកតាមមធ្យោបាយតូចៗតែប៉ុណ្ណោះ។
រីឯការចាប់នេះទៀត គឺចាប់បានតែឈើប៉ុណ្ណោះ រីឯឈ្មួញរកស៊ីឈើធំៗដូចជាអ្នកស្រី ជិន អូន (ជិន គឹមអូន) លោក សាក់ សិច និង លោក គឹម ឡាយ មិនដែលចាប់បានទេ។ ម្យ៉ាងទៀតមិនដឹងថា មានឈើប៉ុន្មានទៀតដែលពួកឈ្មួញដឹកទៅលក់ឲ្យប្រទេសជិតខាងជារៀងរាល់ថ្ងៃ? ។
ជាការពិតណាស់ ! មានហេតុផលគ្រប់គ្រាន់ដែលបញ្ជាក់ថា: ការទប់ស្កាត់ជំនួញឈើខុសច្បាប់មិនជាការពិបាករហូតដល់គ្រប់គ្រងមិនបាននោះទេ។
សំណួរសួរថា៖ តើហេតុអ្វីបានជាឈ្មួញអាចចូលទៅកាប់ឈើបាន…?
តើហេតុអ្វីបានជាឈើអាចចេញពីព្រៃរួច…?
តើហេតុអ្វីបានជាឈើអាចចរាចរណ៍ដល់ព្រំដែននិងឆ្លងដែនបានយ៉ាងងាយបែបនេះ…?
បើសូម្បីតែគ្រឿងញៀនដែលគេអាចលាក់រហូតដល់ក្នុងពោះក៏គង់តែសមត្ថកិច្ចចាប់បាន។
ចុះការកាប់និងដឹកជញ្ជូនឈើដែលគេត្រូវការមធ្យោបាយយ៉ាងសន្ធឹកសន្ធាប់ហើយត្រូវដឹកតាមឡាន និងតាមផ្លូវថ្នល់សោះហេតុអ្វីមិនអាចចាប់បាន…?
បើនិយាយថា សមត្ថកិច្ចមិនអាចចូលដល់ព្រៃជ្រៅដើម្បីពិនិត្យមើលការកាប់ព្រៃឈើរបស់ឈ្មួញបានទេនោះ វារឹតតែជារឿងមិនអាចជឿបានទៅទៀត។
មិនអាចជឿបាន ដោយហេតុថា សូម្បីប្រជាសហគមន៍ក៏អាចចូលដល់ទីតាំងកាប់ឈើបានដែរ។
បើទោះជាមិនបាច់ចូលព្រៃក៏គេអាចទប់ស្កាត់ឈើ ដែលចរចាចរណ៍តាមដងផ្លូវបានយ៉ាងងាយដែរ។
តាមពិត ការកាប់ឈើមិនមែនជារឿងពិបាកនឹងដឹងនោះឡើយ។
សូម្បីតែប្រជាសហគមន៍ក៏អាចមើលឃើញសកម្មភាពកាប់បំផ្លាញព្រៃឈើយ៉ាងច្បាស់ដែរ ហើយពួកគេតែងតែនាំគ្នាចូលព្រៃដើម្បីបង្អាក់សកម្មភាពនេះទៀតផង។
ប៉ុន្តែ អ្វីដែលគួរឲ្យកត់សម្គាល់នោះគឺ អាជ្ញាធរបែរជាមិនសហការណ៍ និងជួនកាលថែមទាំងបានរារាំងសកម្មភាពរបស់ប្រជាសហគមន៍ និងក្រុមអ្នកសារព័ត៌មានទៅវិញ។
ទាំងនេះជាកញ្ចក់ឆ្លុះបញ្ចាំងបានអំពីអ្វីដែលនៅពីក្រោយវាំងនននៃជំនួញឈើខុសច្បាប់នៅក្នុងខេត្តព្រះវិហារ និងខេត្តកំពង់ធំ។
មានមូលហេតុច្រើនយ៉ាងដែលនាំឲ្យជំនួញឈើក្លាយជាបញ្ហាមិនអាចគ្រប់គ្រងបាន។
មូលហេតុសំខាន់បំផុតគឺការឃប់ឃិតគ្នាជាខ្សែបណ្តាញ រវាងមេឈ្មួញរកស៊ីឈើជាមួយអាជ្ញាធរមានសមត្ថកិច្ចខិលខូចមួយចំនួនដែលមិនគោរពច្បាប់ ។