ភ្នំពេញ៖ នៅថ្ងៃទី ២៤ ខែ មិថុនា ឆ្នាំ ២០២២ នេះ ជនសង្ស័យម្នាក់ ដែលដុតផ្ទះខ្លួនឯង បណ្តាលឱ្យឆេះរាលដាលដល់ផ្ទះអ្នកជិតខាងសរុប ៣៧ខ្នង នៅខណ្ឌច្បារអំពៅ ត្រូវបានកម្លាំងនគរបាលបញ្ជូនខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី ។
ជនសង្ស័យនេះ មានឈ្មោះ លឹម ភារម្យ ហៅ តឿ ភេទប្រុស អាយុ ៤២ឆ្មាំ ស្នាក់នៅភូមិដើមចាន់ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ ក្នុងគ្រោះអគ្គិភ័យនេះ បានឆាបឆេះផ្ទះពលរដ្ឋប្រភេទសំណង់ ថ្មឈើប្រក់ស័ង្កសី ទំហំ ៣ម៉ែត្រ គុណ ៤ម៉ែត្រ បណ្តាលឱ្យឆេះអស់ចំនួន ៣៧ខ្នងផ្ទះ រួមទាំងសម្ភារអស់ទាំងស្រុង ។
សមត្ថកិច្ចជំនាញ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យសរុប ៣៦គ្រឿង ប្រើប្រាស់ទឹកអស់ ៤០ឡាន ទើបអាចគ្រប់គ្រងស្ថានការណ៍បាន ។ ចំពោះមូលដ្ឋាន តាមការស្រាវជ្រាវស៉ើបសួរជំហានដំបូងរបស់មន្រ្តីនគរបាលបញ្ជាក់ថា បណ្ដាលមកពីមានមនុស្សលួចដុត រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យបាននៅក្បែរកន្លែងកើតហេតុតែម្ដង ។
ជនសង្ស័យ នេះ ត្រូវបានបញ្ជូនមកដល់ស្ថាប័នសាលាដំបូងរាជធានីភ្នំពេញ កំពុងតែស្ថិតនៅក្នុងដំណាក់កាលតំណាងអយ្យការ បើកការស៊ើបសួរនៅឡើយ ៕