ភ្នំពេញ ៖ កាលពី ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២២ នារីម្នាក់បានស្រែកឆោឡោផ្អើលផ្ទះសំណាក់មួយកន្លែង និងដេញតាមឃាត់ខ្លួនបុរសម្នាក់ ព្រមទាំងព្រួតវាយបុរសរូបនោះ បង្កឱ្យមានការភ្ញាក់ផ្អើលពេញផ្លូវ ដោយចោទបុរសខាងលើថា ប៉ុនប៉ងរំលោភលើរាងកាយរបស់ខ្លួន ក្នុងភាពស្រវឹងបាត់បង់ស្មារតី នៅចំណុចផ្ទះសំណាក់មួយកន្លែងយីហោ «ហេងលាភ» ស្ថិតនៅតាមបណ្តោយផ្លូវលេខ១៣៥ ក្នុងសង្កាត់មិត្តភាព ខណ្ឌ៧មករា ។
មុនពេលកើតហេតុ ខ្លួនបានទទួលទានគ្រឿងស្រវឹង រហូតបាត់បង់ស្មារតី ក៏បានប្រាប់អ្នកស្គាល់គ្នាម្នាក់ដែលជាបុរសអ្នកស្រឡាញ់ភេទដូចគ្នា និងបុរសម្នាក់ទៀតដែលជាជនសង្ស័យថា ទៅផ្ទះគេងមុនហើយ។ និយាយរួច នាងក៏បានទៅគេងនៅផ្ទះសំណាក់មួយកន្លែងដែលមានស្លាកយីហោ «ហេង លាភ» ជាមួយបុរសអ្នកស្រឡាញ់ភេទដូចគ្នា ដែលស្គាល់គ្នានោះបាត់ទៅ។
នារីនោះបន្តថា លុះដល់ម៉ោង២និង៤០នាទីរំលងអធ្រាត្រ ខ្លួនបានភ្ញាក់ឡើងពីដំណេក ស្រាប់តែប្រទះឃើញបុរសសង្ស័យដែលមិនមែនជាបុរសអ្នកស្រឡាញ់ភេទដូចគ្នាទៅវិញ ភ្លាមៗនោះ នាងបានស្រែកឆោឡោ និងប្រតិកម្មយ៉ាងខ្លាំង រហូតបុរសខាងលើរត់ចេញពីផ្ទះសំណាក់ និងត្រូវបានពលរដ្ឋនាំព្រួតវាយយ៉ាងធ្ងន់ធ្ងរថែមទៀត ។
ចំណែកបុរសដែលរងការចោទប្រកាន់បានឲ្យដឹងថា ខ្លួនពិតជាបានជួបនារីនេះ និងបានជជែកគ្នាពិតមែន ដោយសារជាធម្មតានៅក្នុងហាងផឹកស៊ីស្រវឹង ជួបនាងខាងលើ ទាល់តែចរចាគ្នាត្រូវ ហើយឃើញនាងទំនងនោះ ក៏បបួលគ្នាមកកាន់ផ្ទះសំណាក់ នរណាទៅដឹង លុះមកដល់ពេលប្រតិបត្តិការ នាងបែរជាប្រកែក និងស្រែកអោយគេព្រួតវាយខ្លួនទៅវិញ។
សមត្ថកិច្ចនាំខ្លួននារីនេះ និងបុរសរងការចោទប្រកាន់ ទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលមិត្តភាព ខណ្ឌ៧មករា ដើម្បីធ្វើការសាកសួរបន្ត និងចាត់ការបន្តតាមនីតិវិធី៕