(ភ្នំពេញ)៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ១២រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរ «ទិវាវប្បធម៌ជាតិ៣មីនា» លើកទី ២៦ ឆ្នាំ២០២៤។
ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត៖
* សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍សូមពាំនាំនូវក្ដីនឹករឭក និងការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និង ជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ជូន ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ព្រឹទ្ធាចារ្យ លោកគ្រូ អ្នកគ្រូ បងប្អូន សិល្បករ សិល្បការិនីទាំងអស់ ដែលកន្លងមកជារៀងរាល់ឆ្នាំ ទោះជាមានភាពមមាញឹកយ៉ាងណាក៏ សម្ដេចតេជោ មិនអាក់ខានក្នុងការចូលរួមពិធីដ៏មានសារៈសំខាន់ នៃទិវាវប្បធម៌ជាតិនេះ។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សម្ដេចតេជោ ហ៊ុន សែន ក៏បានផ្ដាំផ្ញើការថ្លែងអំណរគុណជាថ្មី ចំពោះការចូលរួមយ៉ាងសស្រាក់សស្រាំ របស់សិល្បករ-សិល្បការិនី, ទាំងក្នុង និងក្រៅប្រព័ន្ធ និងគ្រប់ទម្រង់សកម្មភាពវប្បធម៌ និង សិល្បៈ, ជាពិសេស ជោគជ័យនៃការសម្តែងប្រកបដោយទេពកោសល្យ និង វប្បធម៌ខ្មែរ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមនាពេលកន្លងទៅ ក៏ដូចជាព្រឹត្តិការណ៍ផ្សេងៗទៀត, ទាំងកម្រិតជាតិ និងអន្តរជាតិ ដែលបានរៀបចំ, ទាំងនៅក្នុងព្រះរាជាណាចក្រកម្ពុជា និងនៅក្រៅប្រទេស។
* សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាន៍ថា ជាការពិត, សិល្បៈ វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ ជំនឿសាសនា ឆ្លុះបញ្ចាំងនូវលក្ខណៈដ៏ផូរផង់របស់ជាតិ ដែលការរៀបចំឱ្យមានការប្រារព្ធទិវាវប្បធម៌ជាតិជារៀងរាល់ឆ្នាំគឺពិតជាមានសារៈសំខាន់។
* សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាន៍ថា ២៥ឆ្នាំកន្លងមកនេះ, ទិវាវប្បធម៌ជាតិនៅតែជាព្រឹត្តិការណ៍ដ៏ធំ និងទៀងទាត់ ហើយដែលតែងតែប្រារព្ធ ក្រោមប្រធានបទសំខាន់ៗ។ ក្នុងរយៈពេល៩ឆ្នាំជាប់គ្នាចុងក្រោយនេះ, រាជរដ្ឋាភិបាលបានកំណត់យកប្រធានបទតែមួយគឺ «យុវជនដើម្បី វប្បធម៌ជាតិ»។
* សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាន៍ថា សុភាសិតខ្មែរ «ទំពាំងស្នងឫស្សី» ដែលត្រូវបានប្រើប្រាស់គ្រប់ពេលវេលា និងគ្រប់កាលៈទេសៈ បានបន្តក្លាយជាគោលការណ៍យុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល គ្រប់នីតិកាល ហើយនៅនីតិកាលទី ៧ នៃរដ្ឋសភានេះ បញ្ចកោណយុទ្ធសាស្ត្រទី ១ នៃ «យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី ១» បានកំណត់ច្បាស់ពីការបន្តផ្តោតអាទិភាពទៅលើការអភិវឌ្ឍធនធានមនុស្ស ដែលជាលក្ខខណ្ឌស្លាប់រស់សម្រាប់ជំរុញផលិតភាព, ពិពិធកម្មសេដ្ឋកិច្ច និង ការអភិវឌ្ឍសង្គម សេដ្ឋកិច្ចប្រកបដោយបរិយាបន្ន និងភាពធន់ ។
* សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាន៍ថា វិស័យសិល្បៈ និងវប្បធម៌ ជាផ្នែកមួយនៃអាទិភាពរបស់រាជរដ្ឋាភិបាល ដែលម្យ៉ាង, សំដៅទៅដល់កិច្ចការការពារអត្តសញ្ញាណជាតិ និង ប្រជាជន។
* សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាន៍ថា តម្រូវការនៃការចូលរួមរបស់យុវជន ក្នុងវិស័យសិល្បៈវប្បធម៌ ដើម្បីសេដ្ឋកិច្ចសង្គម និង ការទប់ស្កាត់អំណាចនៃការឆ្លងរាលដាលរបស់វប្បធម៌ដទៃ ដែលអាចប៉ះពាល់ដល់លក្ខណៈដើមនៃវប្បធម៌យើង។
សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាន៍ថា ពាក្យថា «គោរពស្រឡាញ់វប្បធម៌ជាតិ» ជាពាក្យងាយស្រួលនិយាយ, ប៉ុន្តែដើម្បីឱ្យមានការគោរពស្រឡាញ់ពិតប្រាកដ ជាដំបូងយើងត្រូវមានចំណេះដឹង ឬត្រូវយល់ដឹងឱ្យបានល្អ អំពីសិល្បៈវប្បធម៌ជាតិ និងការចូលរួមគ្រប់រូបភាពដល់ការការពារ និងការលើកស្ទួយវប្បធម៌ជាតិយើង។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ប្រជាជនខ្មែរគ្រប់រូបសុទ្ធតែមានសេចក្តីគោរពស្រឡាញ់, ប៉ុន្តែការយល់ដឹងមិនគ្រប់ជ្រុងជ្រោយ ងាយនឹង នាំទៅដល់សកម្មភាពនានា ដែលបង្កផលប៉ះពាល់ជាអវិជ្ជមានដល់សិល្បៈវប្បធម៌ជាតិ ដោយមិនដឹងខ្លួន។ ដូច្នេះក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំងបងប្អូនជា សិល្បករ សិល្បការិនី ត្រូវបន្តកិច្ចខិតខំរួមគ្នា បង្កើតឱ្យបាននូវអត្ថបទ រូបភាព ក៏ដូចជាភាពយន្តខ្លីៗ ដែលបង្កប់ដោយការអប់រំ និង ភាពទាក់ទាញចំពោះការយល់ដឹងរបស់យុវជន។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការទន្ទ្រានកាន់កាប់, ការទាមទារយកជាកម្មសិទ្ធិ, ការជួញដូរដីធ្លីដែល ប៉ះពាល់ដល់តំបន់ការពារបុរាណដ្ឋានគ្រប់ប្រភេទ និងការជីកកកាយខុសច្បាប់ សុទ្ធតែជាទង្វើ ដែលប្រាសចាកពីសេចក្តីស្រឡាញ់ចំពោះវប្បធម៌ជាតិ។ ពាក់ព័ន្ធបញ្ហានេះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និង គ្រប់ស្ថាប័នពាក់ព័ន្ធ ត្រូវបន្តចាត់វិធានការអប់រំ ទប់ស្កាត់ និងប្រើប្រាស់នីតិវិធីច្បាប់ឱ្យបានតឹងរ៉ឹងបំផុត ដើម្បីការពារឱ្យបាននូវគ្រប់ប្រភេទបេតិកភណ្ឌ ដោយ ត្រូវជំរុញផងដែរ នូវការកំណត់ព្រំការពារ និង ការលើកស្លាកសញ្ញាសម្គាល់ឱ្យបានច្បាស់លាស់៕
